លោក ជា ពុំសក្ខីណា បានលើកឡើងថា អាហារូបករណ៍រដ្ឋាភិបាលចិនត្រូវបានបែងចែកជា២ធំៗ គឺ អាហារូបករណ៍ Bilateral Program ឬហៅកាត់ថា Type A និងអាហារូបករណ៍Chinese University Program ឬ Silk Road Program ហៅកាត់ថា Type B ។ អាហារូបករណ៍ Type A ជាកញ្ចប់អាហារូបករណ៍របស់ស្ថានទូតចិនប្រចាំប្រទេសនីមួយៗ ជាក់ស្ដែងនិស្សិតកម្ពុជាអាចដាក់ពាក្យតាមស្ថាប័ននានាដូចជា ក្រសួងអប់រំ យុវជន និងកីឡា (សម្រាប់សិស្ស-និស្សិតទូទៅគ្រប់សមាសភាព) សហភាពសហព័ន្ធយវជនកម្ពុជា (ស.ស.យ.ក) និងស្ថាប័នផ្សេងៗទៀត។ ចំណែកអាហារូបករណ៍ Type B ជាកញ្ចប់អាហារូបករណ៍របស់សាកលវិទ្យាល័យ និងតម្រូវឱ្យបេក្ខជនដាក់ពាក្យស្នើសុំទៅកាន់សាកលវិទ្យាល័យដោយផ្ទាល់។
លោក ជា ពុំសក្ខីណា បានបន្ថែមថា នៅក្នុងនីតិវិធីនៃការប្រឡងអាហារូបករណ៍ Type A ជាក់ស្ដែងការប្រឡងតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ឬតាមស្ថាប័ននានា បេក្ខជនត្រូវទិញពាក្យ និងដាក់ពាក្យនៅនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ និងប្រឡងប្រជែងយកអាហារូបករណ៍ដែលរៀបចំដោយក្រសួងអប់រំ។ បេក្ខជនដែលជាប់ឈ្មោះក្នុងការប្រឡងប្រជែងនឹងមានសិទ្ធក្នុងការបំពេញពាក្យ Online នៅលើ webite របស់ CSC និងបំពេញព័ត៌មានផ្ទាល់ខ្លួន ជ្រើសរើសសាកលវិទ្យាល័យចំនួន៣ និងជំនាញ៣។ ជាមួយគ្នានេះ បេក្ខជនត្រូវដាក់ស្នើឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ពិន្ទុភាសាចិន ឬភាសាអង់គ្លេស ២Recommendation letters study Plan/Research Plan លិខិតបញ្ជាក់សុខភាព និងលិខិតឆ្លងដែនជាដើម។
សម្រាប់អាហារូបករណ៍ Type B ជាកញ្ចប់អាហារូបករណ៍របស់សាកលវិទ្យាល័យដោយអ្នកត្រូវដាក់ពាក្យទៅកាន់សាកលវិទ្យាល័យផ្ទាល់ ដូចនេះបេក្ខជនត្រូវចូលទៅកាន់ Website របស់សាកលវិទ្យាល័យផ្ទាល់ដើម្បីអានដោយប្រុងប្រយ័ត្នការណែនាំ និងប្រមូលព័ត៌មានផ្សេងៗរបស់សាកលវិទ្យាល័យនីមួយៗ។