ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានជំរុញឱ្យមានការព្យាករណ៍អំពីការជំនួសការងារមនុស្សដោយ AI ។ ទន្ទឹមនឹងនេះ AI បាននាំឱ្យមានការព្រួយបារម្ភជុំវិញក្រមសីលធម៌នៃការប្រើប្រាស់ និងផលប៉ះពាល់មកលើផ្លូវចិត្តបុគ្គលិក។
ខណៈពេលដែលការយកចិត្តទុកដាក់នេះ ភាគច្រើនផ្ដោតលើអាជីវកម្ម និងមនុស្សនៅកន្លែធ្វើការ។ កិច្ចពិភាក្សាផ្ដោតតិចតួចពេក ទៅលើរបៀបដែល AI អាចជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារ ខណៈដែលពួកគេ ទំនងជាទទួលឥទ្ធិពលខ្លាំងពីបច្ចេកវិទ្យានេះ។
បច្ចុប្បន្ន អង្គការ Save the children កំពុងសហការលើគំនិតផ្ដួចផ្ដើម ដែលមានឈ្មោះថា Safe Digital childhood Coalition ក្នុងគោលបំណងជំរុញ បរិយាប័ន្នឌីជីថល ការការពារសិទ្ធិកុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសមធម៌ និងលើកកម្ពស់ជំនាញដែលត្រូវការ ដើម្បីការរីកចម្រើន ក្នុងភាពជាពលរដ្ឋឌីជីថល។
ហានិភ័យដ៏ធ្ងន់ធ្ងរមួយទៀតនៃ AI គឺការប្រើបច្ចេកវិទ្យានេះ ដោយការដឹកនាំផ្ដាច់ការ ឬដោយក្រុមណាមួយ ក្នុងគោលបំណងគាបសង្កត់ ដូចជា ការគាបសង្កត់សេរីភាពមនុស្ស ឬការបង្កើនការត្រួតពិនិត្យ និងការឃោសនារឿងអ្វីមួយជាដើម។ AI អាចពង្រីកព័ត៌មានក្លែងបន្លំបានយ៉ាងងាយស្រួល និងផលិតមាតិកាក្លែងក្លាយ ហើយកុមារជាជនដែលងាយរងគ្រោះបំផុត ក្នុងការបោកបញ្ឆោត ឬបំពានក្នុងបរិយាកាសទាំងនេះ ដែលបង្កផលប៉ះពាល់អវិជ្ជមាន រយៈពេលវែង ដល់ការអភិវឌ្ឍ និងសុខុមាលភាពពួកគេ។
ហានិភ័យទាំងអស់នេះកើនឡើងយ៉ាងខ្លាំង ដោយសារតែយើងមិនបានបណ្ដាក់ទុនក្នុងការកសាងជំនាញគិតបែបពិស្ដារ (Critical thinking skill) ទាំងនៅក្នុងសាលារៀន និងសាកលវិទ្យាល័យ ហើយបង្កើតឱ្យមានរបៀបក្នុងការគ្រប់គ្រង AI ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការគ្រប់គ្រង AI នឹងមានភាពយឺតយ៉ាវ ហើយវិធីសាស្ត្រតែមួយគត់ ដើម្បីដោះស្រាយបញ្ហានេះ គឺធ្វើសកម្មភាព។
ការការពារសិទ្ធិកុមារនៅក្នុងពិភពដែលមាន AI
នៅពេលដែលជជែកវែកញែកអំពី AI យើងទាំងអស់គ្នា នៅតែមានតួនាទីយ៉ាងសកម្មក្នុងការចូលរួម។ ចាប់ពីអ្នកបង្កើតគោលនយោបាយ រហូតដល់អ្នកអប់រំ ក្នុងការដឹកនាំអ្នកប្រើប្រាស់ និងការអភិវឌ្ឍ AI តាមរបៀបវិជ្ជមាន និងត្រឹមត្រូវ។ ហើយនេះគឺជាយុទ្ធសាស្ត្រនៃការវិនិយោគ ដើម្បីធានាថា មនុស្សជំនាន់ក្រោយ ត្រូវបានរៀបចំយ៉ាងល្អ សម្រាប់ការរីកចម្រើននៃបច្ចេកវិទ្យា AI ។
មានសកម្មភាព បីយ៉ាង ដែលយើងអាចអនុវត្ត ដើម្បីការពារសិទ្ធិកុមារ នៅក្នុងពិភពលោក ដែល AI នឹងដើរតួនាទីកាន់តែសំខាន់។