សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
គម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ (Smart Pharmacy Robot Collector) ក្នុងការជួយដល់ផ្នែកសុខាភិបាល ដែលបង្កើតឡើងដោយយុវជនកម្ពុជា បានឈ្នះមេដាយមាសនៅចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ដែលមានយុវជនមកពី៣២ប្រទេសចូលរួម។
យុវជន ហាច ផានុង និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន និងជាសមាជិកក្រុមគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ឱ្យដឹងថា ការបង្កើតគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ទៅប្រកួតក្នុងកម្មវិធីនេះ គឺក្រុមរបស់ខ្លួនចង់ឱ្យមានស្នាដៃថ្មីរបស់និស្សិតខ្មែរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិ។ លើសពីនេះ ក៏ចង់រកគំនិតថ្មីៗ ដើម្បីផ្លាស់ប្ដូរគំនិតច្នៃប្រឌិត និងស្នាដៃបង្កើតថ្មីជាមួយក្រុមមកពីបណ្ដាប្រទេសផ្សេងៗ។
យុវជន ហាច ផាណុង ជានិស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន និងជាសមាជិកក្រុមគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ
និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន រូបនេះ បន្ថែមថា ការផ្ដួចផ្ដើមបង្កើតគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ គឺក្នុងគោលបំណងជួយផ្នែកសុខាភិបាល ជាពិសេសជួយឱសថការីស្វែងរកថ្នាំ និងកំណត់ចំនួនស្តុកថ្នាំ។ យុវជន ផាណុង បន្តថា នៅកន្លែងលក់ថ្នាំ ឱសថការីច្រើនតែជួបបញ្ហាបាត់ស្តុកថ្នាំ និងចំណាយពេលរកថ្នាំយូរ ហេតុនេះទើបរូបគេក៏មានគំនិតបង្កើតរ៉ូបូតមួយដែលអាចបញ្ជាឱ្យទៅរកថ្នាំ ដោយគ្រាន់តែសរសេរបញ្ជាក់ឈ្មោះថ្នាំ នោះរ៉ូបូតនឹងទៅយកថ្នាំនៅកន្លែងដែលបានរក្សាទុក។
យុវជន ហាច ផានុង បន្ថែមថា ការសិក្សាបង្កើតរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃនេះ គឺសិក្សាទៅលើផ្នែកមេកានិកអំពីទិសដៅរបស់រ៉ូបូតចាប់យកថ្នាំ និងមានប្រព័ន្ធ POS System សម្រាប់កំណត់ស្ដុកថ្នាំ និងបញ្ជាក់ប្រាប់ចំនួនថ្នាំដែលនៅសល់ ។ ចំពោះការប្រើប្រាស់វិញ គឺឱសថការី គ្រាន់តែចុចបញ្ជានៅលើកុំព្យូទ័រអំពីឈ្មោះថ្នាំ និងចំនួនថ្នាំដែលត្រូវការ នោះរ៉ូបូតនឹងដំណើរការទៅយកថ្នាំដោយស្វ័យប្រវត្តិ។ បន្ទាប់មក មានប្រព័ន្ធប្រាប់ពីចំនួនស្តុក (System Update Stock) នៅពេលឱសថការីបានដកយកថ្នាំ។
សមាជិកក្រុមជ័យលាភី រូបនេះ បញ្ជាក់ថា គម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ជារ៉ូបូតដែលអាចដំឡើងបានទៅតាមធ្នើរ និងទីតាំងស្តុកថ្នាំ ហើយចំនួនថ្នាំដែលរ៉ូបូតយកបាន គឺគិតជាប្រអប់ ឬកំប៉ុង។ បើតាមយុវជន ហាច ផាណុង ក្នុងការបង្កើតគម្រោងនេះ ក្រុមរបស់ខ្លួនបានចំណាយពេលប្រហែល ៧ទៅ៨ខែ ក្នុងការសិក្សាស្រាវជ្រាវ។
គម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ (Smart Pharmacy Robot Collector)
«នៅពេលក្រុមរបស់ខ្លួនទទួលបានជ័យលាភីមេដាយមាសលើគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ខ្ញុំនិងសមាជិកក្រុមពិតជារំភើបដោយមិននឹកស្មានថា អាចទទួលបានលទ្ធផលនេះ ព្រោះមានស្នាដៃមកពីប្រទេសជាច្រើនបានចូលរួមប្រកួតក្នុងកម្មវិធីនេះ»
ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម ក្នុងការប្រកួតគម្រោងនេះវិញ និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច រូបនេះ លើកឡើងថា បញ្ហាប្រឈមនៅក្នុងការប្រកួតគម្រោងនោះ គឺទាក់ទងនងការធ្វើបទបង្ហាញ មានការសួរសំណួរពីគណៈកម្មការ ប៉ុន្តែក្រុមរបស់ខ្លួនបានខិតខំព្យាយាមឆ្លើយឱ្យបានល្អអស់ពីសមត្ថភាព។ ក្នុងនោះដែរ បើតាម ផានុង ការចូលរួមប្រកួតក្នុងកម្មវិធីនេះ ជួយឱ្យគេរៀនសូត្រពីការធ្វើការងារក្រុម និងការជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។ ក្នុងនោះ គោលបំណងរួមរបស់ក្រុម គឺធ្វើយ៉ាងណានាំយកស្នាដៃក្រុមទៅប្រកួត ដើម្បីមុខមាត់សាកលវិទ្យាល័យ និងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
យុវជន ហាច ផានុង ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែរថា វិស័យបច្ចេកវិទ្យាពិតជាមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ដូច្នេះកាលណាយើងមានគំនិតច្នៃប្រឌិត និងបង្កើតថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាបានច្រើន នោះនឹងជំរុញឱ្យយុវជនជំនាន់ក្រោយចាប់យកបច្ចេកវិទ្យាកាន់តែច្រើន៕