កូរ៉េខាងត្បូង – កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី ដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ និងកំពុងធ្វើការងារមនុស្សធម៌ជួយដល់ប្រជាជនកម្ពុជា បានទទួលបានពានរង្វាន់ Asia Special Award 2023 ពីកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៥ ខែវិច្ឆិកាកន្លងទៅ ។ ព្រឹត្តិការណ៍មហោស្របតារាម៉ូឌែលអាស៊ីលើកទី១៨ មានសាធារណជន និងសារព័ត៌មានជាច្រើនបានចុះផ្សាយ ។
សារព័ត៌មាន Korea Time បានឱ្យដឹងថា Asia Model Awards ឬមហោស្របតារាម៉ូឌែលអាស៊ី បានបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់ទេពកោសល្យលើប្រភេទសិល្បករឆ្នើមប្រចាំប្រទេស ដូចជា តារាបង្ហាញម៉ូត តារាសម្តែង តារាច្រៀង អ្នករចនាម៉ូដ និងតារាដែលបានបង្ហាញសម្រស់នៅអាស៊ីទៅកាន់ពិភពលោក ។ ព្រឹត្តិការណ៍ថ្លៃងអំណរគុណដល់អ្នកមានស្នាដៃសិល្បៈនេះ ក៏មានកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ ការបង្ហាញសម្រស់តារាឆ្នើម ការសម្តែង K-pop និងការបង្ហាញខ្លួនដោយតារាល្បីៗប្រចាំប្រទេស ព្រមទាំងមានវត្តមានអ្នកដឹកនាំឧស្សាហកម្មម៉ូដសម្លៀកបំពាក់ និងថែសម្ផស្សផងដែរ ។
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមពិភពលោក បាននិយាយថា ពានរង្វាន់ Asia Special Award 2023 បានធ្វើឱ្យអ្នកនាងបង្ហាញពីកិត្តិនាមប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ។ ទន្ទឹមគ្នានេះ អ្នកនាង ស្រួង ភាវី បានចាត់ទុកពានរង្វាន់ដែលទទួលបានជាពានរង្វាន់សម្រាប់ប្រជាជនកម្ពុជា ព្រមទាំងអរគុណដល់កម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ។