មានទម្លាប់ជាច្រើន ដែលរួមចំណែក ធ្វើឱ្យសុខភាពខួរក្បាលចុះខ្សោយ ប៉ុន្តែសកម្មភាព ៤ ដែលមានដូចជា ការអង្គុយច្រើនពេក កង្វះទំនាក់ទំនងសង្គម គេងមិនគ្រប់គ្រាន់ និងភាពតានតឹងរ៉ាំរ៉ៃ គឺមានឥទ្ធិពលខ្លាំងបំផុត។ នេះជាការលើកឡើងរបស់ លោក Rudolph Tanzi នាយកផ្នែកស្រាវជ្រាវហ្សែន និងការវិវត្តន៍វ័យ និងជាសហនាយកនៃមជ្ឈមណ្ឌល McCance សម្រាប់សុខភាពខួរក្បាល នៅ Massachusetts General Hospital ។
១. ការអង្គុយច្រើនពេក ៖ ជាមធ្យម មនុស្សពេញវ័យ អង្គុយរយៈពេល ប្រាំមួយម៉ោងកន្លះក្នុងមួយថ្ងៃ ហើយការអង្គុយយូរបែបនេះ មានឥទ្ធិពលវិជ្ជមានខ្លាំងចំពោះខួរក្បាលរបស់មនុស្ស។ យោងតាមការសិក្សានៅឆ្នាំ២០១៨ បានរកឃើញថា ការអង្គុយយូរម៉ោង មានទំនាក់ទំនងទៅនឹងការផ្លាស់ប្ដូរផ្នែកខាងក្នុងរបស់ខួរក្បាល ដែលប៉ះពាល់ដល់ការចងចាំ។ អ្នកស្រាវជ្រាវ បានប្រើការស្កែន MRI ដើម្បីមើល MTL (medial temporal lobe) របស់ខួរក្បាល ដែលតំបន់នេះ ជាកន្លែងដែលខួរក្បាល បង្កើតការចងចាំថ្មី សម្រាប់មនុស្សដែលមានអាយុចាប់ពី ៤៥ ទៅ ៧៥ ឆ្នាំ។ ជាលទ្ធផលគេរកឃើញថា អ្នកអង្គុយយូរមាន MTL ស្ដើង ហើយអាចប្រឈមនឹងការចុះខ្សោយនៃមុខងារយល់ដឹងរបស់ខួរក្បាល និងជំងឺវង្វេង។
ដំណោះស្រាយ ៖ លោក Tanzi បានណែនាំឱ្យឆ្លៀតធ្វើចលនា បន្ទាប់ពីអ្នកអង្គុយបាន ១៥ ទៅ ៣០នាទី។ ការធ្វើចលនានោះអាចជា ការក្រោកឈរពត់ខ្លួន ការលុតជង្គង់ ឬដើរជាដើម។
២. កង្វះទំនាក់ទំនងសង្គម ៖ ភាពឯកា ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបាក់ទឹកចិត្ត និងហានិភ័យនៃជំងឺភ្លេចភ្លាំង ហើយអាចបង្កើនល្បឿននៃការធ្លាក់ចុះមុខងារយល់ដឹងរបស់ខួរក្បាល។ ការសិក្សានៅខែកក្កដា ឆ្នាំ២០២១ នៅក្នុង The Journals of Gerontology: Series B បានរកឃើញថា មនុស្សមិនសូវមានសកម្មភាពក្នុងសង្គមបាត់បង់ធាតុពណ៌ប្រផះរបស់ខួរក្បាលយ៉ាងច្រើន ដែលនេះគឺជាស្រទាប់ដែលដំណើរការព័ត៌មាន។
ដំណោះស្រាយ ៖ លោក Tanzi បានលើកឡើងថា អ្នកមិនចាំបាច់មានទំនាក់ទំនងជាមួយមនុស្សច្រើននាក់ ដើម្បីទាញប្រយោជន៍សម្រាប់ខួរក្បាលរបស់អ្នកនោះទេ។ ការមានមិត្តភក្តិ ដែលអាចចែករំលែកអ្វីៗ ដែលអ្នកចង់និយាយចេញមកគឺគ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវមានការសន្ទនាជាទៀងទាត់។ លោកបន្តថា មនុស្សគ្រប់គ្នា គឺចង់បានទំនាក់ទំនង ដែលមានន័យ និងលើកទឹកចិត្ត ហេតុនេះ ជ្រើសរើសដៃគូទំនាក់ទំនាក់ទំនង ដែលបារម្ភ និងយកចិត្តទុកដាក់ចំពោះអ្នកពិតប្រាកដ។
៣. គេងមិនគ្រប់គ្រាន់ ៖ យោងតាម CDC បានឱ្យដឹងថា មួយភាគបី នៃមនុស្សពេញវ័យ មិនបានគេង ៧ ទៅ ៨ម៉ោង ដូចដែលបានណែនាំរបស់អ្នកជំនាញនោះទេ។ ការស្រាវជ្រាវនៅក្នុងខែ ធ្នូ ឆ្នាំ២០១៨ រកឃើញថា មុខងារនៃការយល់ដឹងរបស់ខួរក្បាល ដូចជា ការចងចាំ ការគិតប្រកបដោយហេតុផល និងការដោះស្រាយបញ្ហា នឹងធ្លាក់ចុះ នៅពេលដែលមនុស្សគេងតិចជាង ៧ម៉ោង។
ដំណោះស្រាយ ៖ អ្នកជំនាញលើកឡើងថា វិធីដ៏ល្អគឺ ចូលគេងលឿនជាងធម្មតាមួយម៉ោង។ សកម្មភាពនេះ នឹងការពារអ្នកពីការគេងយប់ជ្រៅ ផ្ដល់ពេលវេលាបន្ថែលដល់ខួរក្បាល និងរាងកាយសម្រាកបានគ្រប់គ្រាន់។ ក្រោយពីភ្ញាក់ពីដំណេក គឺទុកពេលបន្តិចឱ្យផ្លូវចិត្ត និងស្មារតីបានសម្រាក។ វិធីដែលជំរុញឱ្យចូលគេងបានឆាប់រហ័ស គឺព្យាយាមអានសៀវភៅ ហើយជៀសវៀងការមើលទូរទស្សន៍ និងកុំព្យូទ័រជាដើម។
៤. ភាពតានតឹងរ៉ាំរ៉ៃ ៖ បញ្ហាស្ត្រេសរ៉ាំរ៉ៃ អាចសម្លាប់កោសិកាខួរក្បាល និងបង្រួម Cortex ផ្នែកខាងមុខ ដែលជាតំបន់ទទួលខុសត្រូវចំពោះការចងចាំ និងការរៀនសូត្រ។ កត្តាសំខាន់ ដែលបង្កើតអារម្មណ៍អារម្មណ៍តានតឹង គឺផ្នត់គំនិត នៃការរំពឹងទុកខ្ពស់ ដែលធ្វើឱ្យមានប្រតិកម្មអវិជ្ជមាន។
ដំណោះស្រាយ ៖ លោក Tanzi បានផ្ដល់មតិថា «នៅពេលដែលអ្នកមានអារម្មណ៍ថា ហៀបនឹងខឹង សូមដកដង្ហើមវែងៗ ដើម្បីបន្ធូរអារម្មណ៍ និងព្យាយាមធ្វើឱ្យចិត្តស្ងប់។» លោកបន្ថែមថា «សូមគ្រប់គ្រងភាពតានតឹងខ្លួនឯង មុនពេលភាពតានតឹងគ្រប់គ្រងអ្នក»៕