សៀភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» ត្រូវវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យខេមតិច។ សៀវភៅមួយក្បាលនេះ ត្រូវបានបោះពុម្ពផ្សាយឡើង ដើម្បីបម្រើដល់វិស័យឯកជនក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប-RCEP) ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការយល់ឃើញថា ការបោះពុម្ភផ្សាយនេះ នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ និងអាចធានាបាននូវប្រភពផ្លូវថ្មី ដើម្បីបង្កើតភាពរុងរឿងសម្រាប់ប្រទេសជាច្រើន។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសន្ទរកថា ក្នុងកម្មវិធីសម្ពោធសៀវភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» ។
លើសពីនេះ បញ្ហាបច្ចេកវិទ្យា សេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់ ទាំងនៅក្នុងតំបន់ និងពិភពលោក តម្រូវឱ្យមានការចូលរួម និងជំរុញបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ មូលហេតុនេះហើយ បានជាឯកសារមួយនេះ មានសារៈសំខាន់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ លោកសង្កត់ធ្ងន់ថា ការបោះពុម្ពនេះ នឹងក្លាយជាការរួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងបញ្ញាវន្តកម្ពុជា ក្នុងក្របខ័ណ្ឌអាស៊ានបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាណា សហនិពន្ធសៀវភៅម្នាក់ បានបង្ហាញអំពីមូលហេតុដែលជំរុញឱ្យលោកស្រាវជ្រាវ និងសរសេរសៀវភៅមួយក្បាលនេះឡើង ព្រោះលោកជឿជាក់ថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ សកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងត្រូវបានជំរុញដោយ អាសិប(RCEP)។ ដូច្នេះ នេះជារឿងសំខាន់ដែលត្រូវស្វែងយល់។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ផងដែរថា សៀវភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» គឺផ្ដោតសំខាន់ទៅលើការបង្ហាញអំពីទិដ្ឋភាពច្បាប់។ ដោយឡែក ផ្នែកទី២ នឹងមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ឱកាសក្នុងធ្វើអាជីវកម្ម សម្រាប់វិស័យឯកជន និងសហគ្រាសធនតូច និងមធ្យម (SMEs) ដោយបង្ហាញពីរបៀបដែលវិស័យទាំងនេះ អាចទាញប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់អាសិប (RCEP)។
កិច្ចសន្ទនារវាង ឯត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាណា និង ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ក្នុងកម្មវិធីសម្ពោធសៀវភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» ។
កញ្ញា សុក ខៀវរ៉ូសេត សហនិពន្ធសៀវភៅមួយរូបទៀត បានបង្ហាញពីអារម្មណ៍រំភើបដែលសៀវភៅនេះ ត្រូវបានបោះពុម្ពផ្សាយ ហើយកញ្ញាសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាចំណែកមួយក្នុងការចែករំលែកចំណេះដឹងទៅដល់បញ្ញាវន្តកម្ពុជា ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែឆ្ពោះទៅមុខ។
គួរជម្រាបជូនថា សៀវភៅនេះ ត្រូវបានបែងចែកជាបីផ្នែកធំៗដូចជា ផ្នែកទី១ រៀបរាប់អំពីបរិបទប្រវត្តិនៃការបង្កើត និងការវិវត្តន៍នៃគំនិតផ្ដួចផ្ដើមនេះ ចំពេលមានការវិវត្តន៍យ៉ាងឆាប់រហ័សនៃទិដ្ឋភាពភូមិសាស្ត្រ-នយោបាយ និងភូមិសាស្ត្រ-សេដ្ឋកិច្ច,ផ្នែកទី២ រៀបរាប់អំពីវិសាលភាព និងគោលបំណងនៃការបង្កើតអាសិប (RCEP) ព្រមទាំងផ្ដល់នូវការវិភាគយ៉ាងហ្មត់ចត់អំពីអត្ថបទច្បាប់។ ចំពោះផ្នែកទី៣ ដែលជាផ្នែកចុងក្រោយ បញ្ចប់ដោយមានការពិចារណាលើគោលនយោបាយមួយចំនួនសម្រាប់រដ្ឋាភិបាល រួមទាំងសកម្មភាពជាក់ស្ដែងមួយចំនួនសម្រាប់សហគមន៍ធុរកិច្ច៕