ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហៅកាត់ថា ក.ស.វ. (ECOSOCC) នៃទីស្ដីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងជំនាន់បញ្ញាសិប្បនិម្មិតនេះ ជាឱកាសក្នុងប្រវត្តិសាស្ត្រមួយនាំឱ្យមានអភិបាលកិច្ចល្អ ហើយបច្ចេកវិទ្យា នាំមកនូវរបៀបគិតថ្មី មានរបៀបស្រាវជ្រាវ របៀបវិភាគដែលមានចំណេះបន្ថែម មានភាពវ័យឆ្លាតខ្ពស់ដែលអាច តទល់ភាពវ័យឆ្លាតរបស់មនុស្សបាន។ ប៉ុន្តែយ៉ាងណា AI មិនទាន់ឈានទៅដល់ការមានប្រាជ្ញាបានទេ មានន័យយថា ចំពោះ AI មិនទាន់មានប្រាជ្ញាស្មើនឹងមនុស្សនៅឡើយទេ។ ឯកឧត្តមបណ្ឌិតបន្ថែម ខណៈវត្តមាន AI បានមកដល់ ប៉ុន្តែយើងនៅមានបញ្ហាប្រឈមសម្រាប់អ្នកប្រើប្រាស់នាពេលអនាគត ដោយថា តើគេនឹងប្រើប្រាស់កម្មវិធី AI បែបណា ដើម្បីឱ្យមានការទទួលខុសត្រូវ ឬមានច្បាប់ត្រឹមត្រូវ។
ឯកឧត្តម ឆែម គាតរិទ្ធី បន្តថា តើការប្រើប្រាស់ AI បែបណាដើម្បីនាំនូវភាពងាយស្រួល និងភាពសមរម្យ មានទំនួលខុសត្រូវនៅក្នុងសង្គមមួយ? ហើយបើ AI មានភាពវ័យឆ្លាតយ៉ាងនេះ តើយើងអាចគ្រប់គ្រងបានដោយរបៀបណា? ពីព្រោះពេលខ្លះគ្រាន់តែដាក់ AI ចូលទៅក៏វាអាចយកទៅបំប្លែង និងសរសេរជាកម្មវិធីដោយខ្លួនឯងបាន។
ខ្ញុំបានប្រើប្រាស់ AI ប្រហែលជាពីរឆ្នាំហើយ ខ្ញុំមិនអាចធ្វើការដោយគ្មាន AI នោះទេ! ប៉ុន្តែយើងត្រូវតែមានភាពប្រុងប្រយ័ត្នផងដែរ ជំនាន់ AI ជាជំនាន់បច្ចេកវិទ្យា ក្មេងដែលមិនមានមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងបច្ចេកវិទ្យាទេ គឺផ្តល់ភាពគ្រោះថ្នាក់ចំពោះពួកគេខ្លាំងណាស់ ។