សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
ចាប់ផ្តើមតាំងពីសប្តាហ៍មុនមកម្ល៉េះ ក្រោយការប្រកាសលទ្ធផលបាក់ឌុបរួច សិស្សានុសិស្សបានចាប់ផ្ដើមទៅសាកសួរព័ត៌មាន ក៏ដូចជាទិញពាក្យដើម្បីប្រឡងចូលរៀននៅតាមសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។
នៅកន្លែងផ្ដល់ព័ត៌មានជ្រើសរើសជំនាញសិក្សា និងចុះឈ្មោះសិក្សា ក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា វិន ម៉ារី ជាសិស្សមកពីសាលារៀនប៊ែលធី អន្តរជាតិ ដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ បានប្រាប់ថា កញ្ញាមកទីនេះ ព្រោះតែចង់ដឹងព័ត៌មានអំពីជំនាញសិក្សា និងចង់ចុះឈ្មោះចូលរៀនលើមុខជំនាញទំនាក់ទំនងអន្តរជាតិ (IR) ។ ម៉ារី លើកឡើងថា ការជ្រើសរើសរៀនជំនាញទំនាក់ទំនងអន្តរជាតិ (IR) នេះ គឺដោយសារតែនាងស្រឡាញ់ និងយល់ថា ជំនាញនេះមានសារៈសំខាន់សម្រាប់ខ្លួនឯង ជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែល្អជាងមុន។ លើសពីនេះ ជំនាញទំនាក់ទំនងអន្តរជាតិ ក៏សំខាន់សម្រាប់ប្រទេសជាតិដែលកំពុងត្រូវការធនធានមនុស្សផ្នែកនេះ ក្នុងការទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ។
កញ្ញា វិន ម៉ារី ជាអតីតសិស្សមកពីសាលារៀនប៊ែលធី អន្តរជាតិ
កញ្ញា វិន ម៉ារី សង្ឃឹមថា ក្រោយពេលបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ (IR) នឹងអាចរកការងារធ្វើផ្នែកទំនាក់ទំនងនៅក្នុងក្រុមហ៊ុន ឬបង្កើតអាជីវកម្មខ្លួនឯង។
សម្រាប់លោក សរ រិទ្ធិស័ក្ត ដែលសិស្សមកពីសាលាអន្តរជាតិ អាយឃ្យូ ខេត្តសៀមរាប ដែលក៏ទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ ក៏បានមកសាកសួរព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចដែរ, រិទ្ធិស័ក្ត ចង់ចុះឈ្មោះសិក្សាលើជំនាញព័ត៌មានវិទ្យា (IT) ព្រោះតែខ្លួនស្រឡាញ់ជំនាញនេះ និងដោយមើលឃើញថាប្រទេសកម្ពុជាកំពុងវិវឌ្ឍលើវិស័យឌីជីថល។
លោក សរ រិទ្ធិស័ក្ត ជាអតីតសិស្សមកពីសាលាអន្តរជាតិ អាយឃ្យូ ខេត្តសៀមរាប
រិទ្ធិស័ក្ត រំពឹងថា ក្រោយពេលបញ្ចប់ការសិក្សាលើជំនាញព័ត៌មានវិទ្យា (IT) ខ្លួននឹងមានសមត្ថភាពអាចធ្វើការក្នុងក្រុមហ៊ុន ស្ថាប័នផ្សេងៗ ឬអាចជាការងារមន្រ្តីរាជការ។
កញ្ញា ថាន់ ឆវន្ន័ សិស្សទើបប្រឡងជាប់បាក់ឌុបមកពីវិទ្យាល័យហ៊ុនសែន សេរីភាព ក៏មកចុះចូលរៀននៅសាកលវិទ្យាល័យភូមិន្ទនិសតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែរ ដោយនាងស្រឡាញ់ជំនាញគ្រប់គ្រង។ កញ្ញា ឆវន្ន័ មើលឃើញថា ជំនាញគ្រប់គ្រង មានទីផ្សារល្អ ហើយរំពឹងថា ពេលរៀនចប់ ជំនាញនេះនឹងជួយនាងឱ្យមានការងារល្អដើម្បីផ្គត់ផ្គង់ខ្លួនឯង មានន័យថា ពេលរៀនចប់ នាងអាចបើកអាជីវកម្ម និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង។
កញ្ញា ថាន់ ឆវន្ន័ ជាអតីតសិស្សមកពីវិទ្យាល័យហ៊ុនសែន សេរីភាព
ដោយឡែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីវិញ សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបជាច្រើន បានចូលមកកាន់ទីនេះមិនចេះដាច់ ដើម្បីសាកសួរព័ត៌មានអំពីជំនាញសិក្សា ហើយខ្លះក៏ទិញពាក្យប្រឡងចូលរៀនជំនាញដែលខ្លួនពេញចិត្តតែម្តង។
កញ្ញា យ៉េង ស្រីគុជ សិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម បានសម្រេចចិត្តទិញពាក្យប្រឡងចូលរៀនជំនាញអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្រីគុជ និយាយថា មានជំនាញចំនួន២ដែលនាងស្រឡាញ់ពេញចិត្តតាំងពីក្មេង គឺជំនាញច្បាប់ និងជំនាញអក្សរសាស្រ្តខ្មែរ។ នាងថា ដំបូងនាងចង់រៀនច្បាប់ដើម្បីបានធ្វើជាមេធារី ប៉ុន្តែដោយសារគ្រួសារខ្វះលទ្ធភាព ទើបនាងសម្រេចចិត្តរៀនជំនាញអក្សរសាស្រ្តខ្មែរវិញ ហើយរំពឹងថា នឹងបានធ្វើជាគ្រូបង្រៀននៅថ្ងៃអនាគត។
កញ្ញា យ៉េង ស្រីគុជ អតីតសិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម
សម្រាប់ កញ្ញា ទន់ ជីតា សិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម ជាមួយ ស្រីគុជ នាងបានមកទិញពាក្យប្រឡងចូលរៀនជំនាញអក្សរសាស្រ្តអង់គ្លេស។ ជីតា និយាយថា នាងសម្រេចចិត្តជ្រើសរើសជំនាញអក្សរសាស្រ្តអង់គ្លេស ដោយសារស្រឡាញ់តាំងពីតូចមក និងចង់យកចំណេះដឹងនេះ ទៅបង្រៀនក្មេងៗនៅតាមជនបទ ពិសេសនៅតំបន់ដាច់ស្រយាលដែលមិនមានភាសាបរទេសទូលំទូលាយ ខណៈអក្សរសាស្រ្តអង់គ្លេស ជាភាសាទូទៅដែលគេប្រើប្រាស់នៅទូទាំងពិភពលោក ដូច្នេះបើសិនអាចបង្រៀនក្មេងៗឱ្យចេះបានច្រើន កញ្ញាយល់ថា នេះគឺសកម្មភាពល្អជួយដល់ប្រទេសជាតិយើង។ ក្រោយរៀនចប់កញ្ញា ទន់ ជីតា មានក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស។
កញ្ញា ទន់ ជីតា អតីតសិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម
លោក គួង សំណាង ប្រធានដេប៉ាតឺម៉ង់ វិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិច នៃមហាវិទ្យាល័យវិស្វកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងអង្គុយពន្យល់សិស្សានុសិស្សអំពីការជ្រើសរើសជំនាញសិក្សា និងផ្ដល់ព័ត៌មានដល់សិស្ស មើលឃើញថា សិស្សានុសិស្សបានមកទិញពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានចំនួនច្រើន បើទោះមានភ្លៀងធ្លាក់ ក៏នៅតែឃើញមានសិស្សតស៊ូមកទិញពាក្យប្រឡងចូលរៀន ព្រោះពួកគេគិតថាការសិក្សាមានសារៈសំខាន់។
ជាការកត់សម្គាល់របស់លោក គួង សំណាង សិស្សដែលមកដាក់ពាក្យភាគច្រើនចាប់អារម្មណ៍លើមុខវិជ្ជាសង្គម ហើយក៏មានសិស្សមួយចំនួនចាប់អារម្មណ៍លើជំនាញកុំព្យូទ័រ។ លោកថា មុខជំនាញវិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិចវិញ គឺមិនសូវមានសិស្សស្គាល់នោះទេ។
លោក គួង សំណាង ប្រធានដេប៉ាតឺម៉ង់ វិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិច នៃមហាវិទ្យាល័យវិស្វកម្ម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បើតាមលោក គួង សំណាង ជំនាញវិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិច គឺប្រៀបដូចជាឆ្អឹងខ្នងនៃប្រទេសជាតិទាំងមូល និងមានឱកាសទីផ្សារការងារច្រើន។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ហើយលទ្ធផលបានប្រកាសកាលពីថ្ងៃទី២០ ខែកញ្ញា ដោយមានបេក្ខជនប្រមាណជាង ១២ម៉ឺននាក់ ដែលស្មើនឹង ៨៤.៥៦ភាគរយ បានប្រឡងជាប់។ តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំណោមបេក្ខជនដែលបានជាប់សរុបចំនួន ១២២ ៤៧៣នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៣០០៣ នាក់, និទ្ទេស B ចំនួន ៩៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់៕