សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
នៅបរិវេណខាងក្រោយអគារសិក្សាថ្នាក់ទី៦ នៃសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ គេនឹងឃើញមានសួរបន្លែជាច្រើនរងដែលត្រូវដាំដុះដោយសិស្សនៃសាលាបឋមសិក្សាមួយនេះ។ ការអនុវត្តដាំបន្លែចម្រុះនេះ គឺដើម្បីបង្រៀនសិស្សដែលភាគច្រើនជាងអ្នករស់នៅទីក្រុងឱ្យមានបំណិនដាំដំណាំ និងញ៉ាំបន្លែបៃតងគ្មានជាតិគីមី។
លោក ប៉ែន ពុធតារា នាយកសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូងទី២ មានប្រសាសន៍ថា ការអនុវត្តដាំបន្ថែនៅសាលារៀននេះ សាលាបានអនុវត្តចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ សម្រាប់សិស្សពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ លោក ពុធតារា បន្តថា មូលហេតុសាលាលោកដាក់បញ្ចូលការដាំបន្លែសម្រាប់សិស្សានុសិស្ស គឺ ទី១.ចង់ឱ្យសិស្សមានបំណិន និងទី២.ចង់ឱ្យសិស្សយល់ដឹងពីអត្ថប្រយោជន៍ នៃការដាំដំណាំ ដើម្បីកាត់បន្ថយថវិកាចំណាយទិញបន្លែពីទីផ្សារ។
លោក ប៉ែន ពុធតារា នាយកសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូងទី២
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគោលការណ៍ណែនាំឱ្យសាលារៀននីមួយៗ ដាំដុះបន្លែចម្រុះនៅក្នុងសាលារៀន ដើម្បីបង្កើតអាហារូបត្ថម្ភផង និងជួយសិស្សរៀនសូត្រពីការងារកសិកម្មផង។ លោក ប៉ែន ពុធតារា មានប្រសាសន៍ថា ទោះជាសាលារៀនលោកមានទីតាំងស្ថិតនៅក្នុងទីក្រុង តែក៏អាចដាំដំណាំ ដាំបន្លែបាន ដោយសារនៅសាលារៀននេះ មានដីទំនេរស្រាប់ ហើយការដាំដំណាំ គឺជាបំណិនជីវិតមួយសម្រាប់ឱ្យសិស្សចេះដាំបន្លែបន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។ “នៅពេលដាំបន្លែបាន គឺមិនចាំបាច់ទិញគេ ព្រោះបន្លែខ្លះនៅតាមទីផ្សារអាចមានជាតិគីមី ដូច្នេះការដាំបន្លែខ្លួនឯងគឺល្អជាង។ នៅសាលាសិស្សរៀនទ្រឹស្ដី ហើយក៏អនុវត្តសកម្មភាពជាក់ស្ដែង“។
ដំណាំបន្លែដែលសិស្សបានដាំនៅក្នុងសួនបន្លែ គេសង្កេតឃើញមានដូចជា ខាត់ណា, ស្ពៃតឿ, ត្រប់, ផ្ទី, ម្ទេស និងពោតជាដើម។ លោក ទេព ណារិទ្ធ ជាគ្រូទទួលបន្ទុកបង្រៀនផ្នែកកសិកម្ម នៃសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ បានឱ្យដឹងថា នៅពេលសាលាបានបង្រៀនសិស្សឱ្យចេះដាំបន្លែធម្មជាតិ អាណាព្យាបាលសិស្សបានបង្ហាញសេចក្តីសប្បាយរីករាយ ព្រោះទោះជាសាលារៀននៅទីក្រុង ក៏ប៉ុន្តែកូនៗរបស់ពួកគាត់អាចចេះដាំដំណាំដូចកូនអ្នកចម្ការដែរ។
លោក ទេព ណារិទ្ធ ជាគ្រូទទួលបន្ទុកបង្រៀនផ្នែកកសិកម្ម នៃសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២
លោក ទេព ណារិទ្ធ បន្ថែមថា ក្រៅពីបង្រៀនសិស្សដាំបន្លែនេះហើយ លោកគ្រូ អ្នកគ្រូ ក៏បង្រៀនឱ្យសិស្សានុសិស្សយល់ដឹងពីបច្ចេកទេសនៃការចិញ្ចឹមត្រី ចិញ្ចឹមមាន់ ទា បន្ថែមទៀត។ ការបង្រៀនជំនាញកសិកម្មនេះ គឺក្នុងបំណងផ្តល់ចំណេះដឹងដល់សិស្ស ដែលពួកគេអាចយកទៅជួយដល់គ្រួសារ កាត់បន្ថយថវិកាពីការទិញបន្លែត្រីសាច់ពីខាងក្រៅ។
កុមារី អាត ស៊ីវជីង ជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ និយាយថា រូបគេពិតជាសប្បាយចិត្តដែលបានឃើញសាលារៀនរបស់ខ្លួន មានការដាំដុះបន្លែជាច្រើន សុទ្ធតែជាបន្លែធម្មជាតិដែលសង្គមត្រូវការ។ “យើងចាំបាច់ត្រូវតែមានប្រចាំផ្ទះ និងប្រចាំសាលារបស់យើង“។
កុមារី អាត ស៊ីវជីង ជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២
សិស្សថ្នាក់ទី៦ រូបនេះ បន្ថែមថា កន្លងមក លោកគ្រូ អ្នកគ្រូ តែងតែប្រាប់សិស្សានុសិស្សពីការញ៉ាំបន្លែបៃតង បន្លែដែលមានជីវជាតិល្អ ដើម្បីជំនួយដល់សុខភាព និងមិនប៉ះពាល់ដល់សុខភាព ដោយសារវាជាបន្លែធម្មជាតិ។
ជាមួយគ្នានេះ កុមារា លុន សីលា ជាសិស្សថ្នាក់ទី៦ដូចគ្នា លើកឡើងដែរថា ការដាំបន្លែ គឺបានជួយយើងកាត់បន្ថយចំណាយ និងជួយឱ្យយើងទទួលបានបន្លែបៃតងស្រស់ៗ និងគ្មានជាតិគីមី ដែលភាគច្រើនជាបន្លែនាំចូលពីក្រៅប្រទេស។ កុមារា លុន សីលា បន្តថា រូបគេចង់ឃើញសាលាដាំដំណាំឱ្យបានច្រើន ព្រោះចង់ឱ្យសិស្សជំនាន់ក្រោយបានស្គាល់ និងចេះដាំបន្លែចម្រុះបៃតងដូចរូបគេដែរ។
ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ មានសិស្សសរុបចំនួន ៨៧៨នាក់ ក្នុងនោះមានស្រី៤០៤នាក់ ។ គ្រូបង្រៀនមានចំនួន ៣២នាក់, ស្រី ២៦នាក់ ។ អគារសិក្សាចំនួន ៦ខ្នង សរុប ៣១បន្ទប់រៀន និងមានបន្ទប់ទឹកស្អាតចំនួន ១៦បន្ទប់។
ក្រៅពីការដាំបន្លែ សាលាក៏មានការយកចិត្តទុកដាក់លើបន្ទប់ទឹក ជាពិសេសបន្ទប់ទឹកនារី។ លោក ប៉ែន ពុធតារា បញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់លើបន្ទប់ទឹក គឺជាបញ្ហាសំខាន់បំផុត ប្រសិនបើបន្ទប់ទឹកសាលារៀនមិនស្អាត គឺទី១. ធ្វើឱ្យសិស្សមិនចង់មករៀន ទី២. ធំក្លិន និងប៉ះពាល់សុខភាព។ ដូច្នេះ សាលាតម្រូវឱ្យមានបន្ទប់ទឹកស្អាតទាំងខាងប្រុស និងខាងស្រី ហើយត្រូវមានទឹកគ្រប់គ្រាន់ មានសាប៊ូ មានអ្នកថែទាំ និងចែកវេនកាលវិភាគឱ្យសិស្សជួយសម្អាតជាប្រចាំ ដើម្បីឱ្យបន្ទប់ទឹកស្អាតជាប្រចាំដែរ។
ដើម្បីប្រែក្លាយសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ ឱ្យក្លាយជាសាលាបឋមសិក្សាគំរូ លោក ប៉ែន ពុធតារា មានការប្តេជ្ញាចិត្តចំនួន ៥ចំណុច គឺទី១. ត្រូវអនុវត្តពីខ្លួនឯង ធ្វើជាគំរូគេជាមុនសិន, ទី២. ណែនាំដល់បុគ្គលិកអប់រំឱ្យគោរពបទបញ្ជាផ្ទៃក្នុង អប់រំសិស្សឱ្យគោរពវិន័យសាលា រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យកូនសិស្សបោះចោលសំរាមពាសវាលពាសកាល, ទី៣. ត្រូវណែនាំសិស្សនូវចំណីអាហារដែលពាក់ព័ន្ធនឹងផាសុខភាពសិស្ស ដើម្បីឱ្យមានសុខភាពល្អ, ទី៤. បំណិនក្រៅម៉ោងសិក្សា មានការដាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមកង្កែប និងចិញ្ចឹមត្រី នៅពេលសិស្សធំឡើងអាចរៀនបំណិននៅសាលា ហើយអាចយកទៅអនុវត្តដើម្បីដោះស្រាយជីវភាពជាក់ស្ដែង និង ទី៥. សាលាខិតខំបង្រៀនសិស្សឱ្យបាននិទ្ទេស A B C ឱ្យបានច្រើន ដើម្បីឱ្យសិស្សចាប់យកឱកាសការងារកាន់តែល្អជាងមុន៕