រ៉ូបូតប្រយុទ្ធ Royals ដែលរួមគ្នាបង្កើតដោយសិស្សវិទ្យាល័យ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានឈ្នះការប្រកួតក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធី BATTLEBOTx កាលពីពេលកន្លងទៅថ្មីៗនេះ និងកំពុងត្រៀមខ្លួនទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។
យុវសិស្ស ផល លាភ ជាសិស្សថ្នាក់ទី១១ C2 សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាសមាជិកក្លឹប STEM ដែលចូលរួមបង្កើតរូបូត បានប្រាប់ឱ្យដឹងថា រូបគេ ចូលរួមប្រកួតរ៉ូបូត ក្នុងកម្មវិធី BATTLEBOTx នេះ គឺដោយសារចាប់អារម្មណ៍ចំពោះកម្មវិធីប្រកួត ព្រមទាំងមានបំណងបង្កើតរ៉ូបូតដើម្បីចូលរួមប្រកួតតែម្ដង។
រ៉ូបូតរ៉ូយ៉ាល់ (Robot Royals) ប្រកួតក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធី BATTLEBOTx
សិស្សថ្នាក់ទី១១ C2 រូបនេះ បញ្ជាក់បន្ថែមថា រ៉ូបូតនេះ ជាប្រភេទរ៉ូបូតប្រកួតផ្នែកកីឡាប្រើសម្រាប់ប្រយុទ្ធគ្នាជាមួយរ៉ូបូតផ្សេងទៀត។ ផល លាភ បន្តថា រ៉ូបូតប្រយុទ្ធនេះ មានឈ្មោះថា រ៉ូបូតរ៉ូយ៉ាល់ (Robot Royals) ដែលអាចជួយឱ្យវិស័យបច្ចេកវិទ្យានៅកម្ពុជាកាន់តែរីកចម្រើន។ ហើយលក្ខណៈពិសេសរបស់ រ៉ូបូតរ៉ូយ៉ាល់នេះ មានអាវុធចំនួនពីរនៅខាងមុខ និងខាងក្រោយ ដែលផលិតអំពីដែកអាលុយមីញ៉ូម សម្រាប់ប្រយុទ្ធ និងការការពារខ្លួន។
យុវសិស្ស ផល លាភ បន្ថែមថា រ៉ូបូតរ៉ូយ៉ាល់ បង្កើតឡើងចំណាយរយៈពេល២សប្ដាហ៍ និងប្រើប្រាស់ថវិកាចំនួន ១៨០ដុល្លារ។ ដោយឡែកសម្រាប់ផលវិបាកក្នុងការផលិត គឺទៅលើផ្នែកបច្ចេកទេស ដោយសារវាជាការបង្កើតលើកដំបូង នៅពេលតសៀគ្វីក៏មានការឆេះខូចខាត ហើយការតេស្តសាកល្បងប្រហែលជាង ១០ដងទើបសម្រេចផលិតផល។
សម្រាប់យុវសិស្ស លឹម ប៊ុនថី ជាសិស្សថ្នាក់ទី១១ B1 កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ប្រាប់ថា រូបគេពេញចិត្តចំពោះការប្រកួតក្នុងវគ្គជម្រុះដំបូងនេះ ដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនចូលរួមសហការបង្កើតរ៉ូបូតរយៈពេលកន្លះខែកន្លងមក។
រ៉ូបូតរ៉ូយ៉ាល់ (Robot Royals) ប្រកួតក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធី BATTLEBOTx
សិស្សថ្នាក់ទី១១ B1 កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បន្ថែមថា កត្តាជំរុញចិត្តឱ្យចូលរួមប្រកួតរ៉ូបូតនេះ ដោយសារឃើញថា នៅបរទេសតែងមានការប្រកួតប្រជែងស្នាដៃសិស្សផ្នែកបច្ចេកវិទ្យារ៉ូបូត ហើយផ្គួបផ្សំការស្រឡាញ់បច្ចេកវិទ្យា និងមានគំនិតចង់ចូលរួមប្រកួតដូចសិស្សនៅបរទេសដែរ។
យុវសិស្ស លឹម ប៊ុនថី ក៏បានអះអាងដូចគ្នាដែរថា ក្នុងដំណើរការនៃការបង្កើតរ៉ូបូតរ៉យ៉ាល់នេះ គឺជួបការលំបាកជាច្រើនដូចជាការតសៀគ្វី រៀបចំប្រព័ន្ធមេកានិច ការសរសេរកូដ និងបន្ថែមគំនិតច្នៃប្រឌិត។ ប៊ុនថី បន្តថា ក្នុងនាមជាសមាជិកក្រុម រូបគេអាចជួយសម្រួលការលំបាករបស់ក្រុមផ្នែកថវិកា ការជួសជុល ក៏ដូចជា ការរៀបឧបករណ៍មួយចំនួននៅក្នុងការដំឡើងរ៉ូបូត។
ចំណែក យុវសិស្ស អេង មុន្នី ជាសិស្សថ្នាក់ទី១១ P2 កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប លើកឡើងថា ការចូលរួមប្រកួតរ៉ូបូតនេះ រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ហើយគិតថាកម្មវិធីនេះល្អ ដែលជួយឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីផ្នែកជាច្រើននៃប្រព័ន្ធបច្ចេកវិទ្យាវិទ្យាសាស្រ្តឱ្យកាន់តែរីកចម្រើន។
រ៉ូបូតរ៉ូយ៉ាល់ (Robot Royals) បន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី BATTLEBOTx
យុវសិស្ស អេង មុន្នី បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ ក្រុមរបស់ខ្លួនបានសហការគ្នាយ៉ាងល្អក្នុងការស្រាវជ្រាវ សិក្សាស្វែងយល់អំពីឧបករណ៍ផ្សេងៗដែលត្រូវជួយគ្នា ដូចជា ការកាត់ ការស្វានជាដើម។ ចំពោះ គ្រឿងតិចណូឡូជី ប្រើប្រាស់ឧបករណ៍ដែលល្អៗ និងសិក្សាអំពីអាវុធ ដើម្បីងាយស្រួលប្រកួតប្រជែង។
ដើម្បីខិតទៅរកភាពជោគជ័យក្នុងការប្រកួតរ៉ូបូតវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ ក្រុមរបស់ខ្លួននឹងខិតខំធ្វើការងារនេះដោយបន្ថែមចំណេះដឹងផ្នែកមេកានិចទៅលើរ៉ូបូត ដោយពិនិត្យលើទៅលើប្រព័ន្ធទាំងអស់របស់រ៉ូបូត ភាពរឹងមាំរបស់រ៉ូបូត និងប្រើប្រាស់ឧបករណ៍ល្អសម្រាប់ផលិត។
គួរជម្រាបជូនថា ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានក្រុមបេក្ខជនចូលរួមប្រកួតសរុបមានចំនួន ៥០ក្រុម ហើយជម្រុះយក ៣២ក្រុម បន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ៕