ប្រជាពលរដ្ឋប្រមាណ២២០០នាក់ ឬស្មើនឹង ៥៥០ខ្នងផ្ទះ នៅក្នុងខេត្តកំពង់ស្ពឺ នឹងទទួលបានការអប់រំ និងការតភ្ជាប់បណ្តាញទឹកស្អាតតាមរយៈ “គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ” សម្រាប់ឆ្នាំ២០២៥។ គម្រោងដំណាក់កាលទី៤ នៃកម្មវិធីទឹកស្អាតនេះ មានរយៈពេល១០ខែ ស្ថិតនៅស្រុកសំរោងទង និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ គាំទ្រថិវិកាដោយធានារ៉ាប់រងអាយុជីវិត អេទីកា តាមរយៈអង្គការវ័តធឺអេត កម្ពុជា។
ក្នុងពិធីចុះហត្ថលេខារួមគ្នាប្រគល់ និងទទួលកញ្ចប់ថវិកាជំនួយសប្បុរសធម៌ ៤ម៉ឺនដុល្លារអេម៉េរិកសម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាតជនបទនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការវ័តធឺអេត កម្ពុជា មានប្រសាសន៍ថា លទ្ធភាពទទួលបានទឹកស្អាតមានសារៈសំខាន់ណាស់សម្រាប់ការបំពេញតម្រូវការអភិវឌ្ឍន៍ ព្រោះវាជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍ ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចទាំងមូល។
លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការវ័តធឺអេត កម្ពុជា
នាយកប្រចាំប្រទេស អង្គការវ័តធឺអេត កម្ពុជា បន្ថែមថា ទោះបីភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតនៅកម្ពុជាកំពុងខិតខំជំរុញឱ្យវិស័យនេះសម្រេចលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងគោលនយោបាយរបស់រដ្ឋាភិបាល ក៏វិស័យទឹកស្អាតជួបឧបសគ្គជាច្រើនត្រូវដោះស្រាយ។ ឧបសគ្គទាំងនោះ មានដូចជា ប្រភពថវិកាគាំទ្រដល់វិស័យទឹកស្អាតនៅមានកម្រិត ភូមិសាស្ត្រមិនអំណោយផលដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការយល់ដឹងរបស់ប្រជាជន និងការចូលរួមពីវិស័យឯកជននៅតិចតួចនៅឡើយ។
លោក ឆាត់ សុភាព បញ្ជាក់បន្ថែមថា ការអប់រំគឺជាអាទិភាពចម្បងក្នុងបេសសកម្មកម្មផ្ដល់សេវាទឹកស្អាត និងអនាម័យ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានមានអនាម័យ។ លោកបន្តថា ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ គឺត្រូវការធនធានមនុស្ស ដែលយើងត្រូវរួមគ្នាកសាងកោសិកាសង្គមចាប់ពីមនុស្សម្នាក់ៗក្នុងការកែប្រែបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ជាពិសេសសម្រាប់ក្មេងជំនាន់ក្រោយ។
“យើងពិតជារីករាយ និងសាទរយ៉ាងក្រៃលែងចំពោះគ្រួសារប្រជាជនដែលទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់តាមបំពង់ទុយោ។ អ្វីដែលយើងធ្វើបាននៅថ្ងៃនេះ គឺរួមគ្នាបង្កើតស្នាមញញឹមដល់ប្រជាជនយើង និងកសាងសហគមន៍មួយដែលមានទឹកស្អាតប្រើប្រាស់ពេញលេញនៅតាមគ្រួសារ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។”
លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា
ជាមួយគ្នានេះ លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា មានប្រសាសន៍ថា តាមរយៈកញ្ចប់ជំនួយសប្បុរសធម៌ប្រមាណ ៤ម៉ឺដុល្លារអាម៉េរិកដល់អង្គការវ័តធឺអេត កម្ពុជា ដំណាក់កាលទី៤នេះ លោករំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនខេត្តកំពង់ស្ពឺ ប្រមាណ ២២០០នាក់ និងជំរុញដល់គ្រួសារចំនួន ៥៥០ខ្នងផ្ទះ តភ្ជាប់បណ្តាញទឹកស្អាត ដោយក្នុងនោះ ១០០គ្រួសារ ដែលជាគ្រួសារមានប័ណ្ណសមធម៌ ឬគ្រួសារដែលមានសមាជិកមានពិការភាព នឹងទទួលបានការឧបត្ថម្ភធនពីគម្រោងក្នុងការភ្ជាប់ទឹកស្អាតប្រើប្រាស់។
អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ចង់ឃើញ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ដែលជាការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់ ដោយសារប្រជាជននៅតាមជនបទតែងទទួលទានទឹកដោយផ្ទាល់ពីទន្លេ ស្រះ ឬអណ្ដូង។
គួរជំរាបជូនថា ផ្អែកតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា បច្ចុប្បន្នប្រជាជនប្រមាណជា ២,២ពាន់លាននាក់ពុំទាន់ទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃពេញលេញ។ ចំណែកកម្ពុជាវិញ មានប្រជាជន ៣,៧លាននាក់ពុំទាន់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ កុមារអាយុក្រោមប្រាំឆ្នាំប្រមាណជាង ៥០០នាក់បានស្លាប់ដោយសារជំងឺរាគរូសបង្កឡើងដោយកង្វះទឹកស្អាត និងគ្មានបង្គន់អនាម័យប្រើប្រាស់តាមគ្រួសារ៕