អាជីពជាអ្នករចនាកា្រហ្វិក (Graphic Designer) គឺជាអាជីពដែលកំពុងមានតម្រូវការក្នុងបរិបទឧស្សាហកម្មទី៤ ដែលស្ទើរតែគ្រប់ស្ថាប័នទាំងអស់ត្រូវការ ។ សម្រាប់អ្នកប្រកបអាជីពមួយនេះ គឺតម្រូវឱ្យមានការប្រាស្រ័យទាក់ទង ការបំពេញការងារជាក្រុម និងភាពបត់បែនជាប្រចាំ។ ហេតុនេះ ដើម្បីក្លាយជាអ្នកជំនាញរចនាក្រាហ្វិកដ៏ឆ្នើម មិនអាចមានតែជំនាញបច្ចេកទេស និងចំណេះដឹងព័ត៌មានវិទ្យានោះទេ ប៉ុន្តែអ្នកក៏ត្រូវមានជំនាញទន់មួយចំនួនផងដែរ ដើម្បីទទួលភាពជោគជ័យក្នុងអាជីព។
យោងតាមគេហទំព័រ SKILLS YOU NEED ខាងក្រោមនេះ ជំនាញទន់ចំនួន ៥ ដែលអ្នកជំនាញខាងរចនាក្រាហ្វិកត្រូវពង្រឹង សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ ដើម្បីទទួលភាពជោគជ័យក្នុងអាជីព៖
១ . ភាពច្នៃប្រឌិត ( Creativity) ៖ ជាទូទៅ ស្នាដៃរបស់អ្នករចនាក្រាហ្វិកតែងតែទទួលឥទ្ធិពល និងការបំផុសគំនិតច្នៃប្រឌិតពីស្នាដៃចាស់ៗរបស់អ្នកដទៃ និងក្រុមការងាររបស់ខ្លួន។ យ៉ាងណាមិញ ដើម្បីក្លាយជាអ្នករចនាក្រាហ្វិកដ៏ឆ្នើមមួយរូប អ្នកត្រូវមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដែលមានលក្ខណៈប្លែក និងមិនចម្លងពីអ្នកដទៃ។ វាជាគំនិតច្នៃប្រឌិតដែលភាពលេចធ្លោ និងអាចជះឥទ្ធិពលទៅដល់អ្នកឯទៀត ដែលមានអាជីពដូចគ្នានេះដែរ។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវដឹងពីរបៀបរចនា និងតុបតែងប្រកបដោយសោភណ្ឌភាព វិធីបំផុសគំនិត ការអត់ធ្មត់ និងការយកចិត្តទុកដាក់ចំពោះទិន្នន័យលម្អិតផងដែរ។
២ . ភាពឆ្លាតវៃផ្នែកអារម្មណ៍ (Emotional Intelligence) ៖ ជំនាញសំដៅទៅលើសមត្ថភាពនៃការដឹង គ្រប់គ្រង និងអាចវាយតម្លៃអារម្មណ៍ខ្លួនឯងបានល្អ។ រួមជាមួយនឹងសមត្ថភាពនៃការយល់ពីអារម្មណ៍អ្នកដទៃ ព្រមទាំងអាចប្រតិកម្មតបទៅវិញបានត្រឹមត្រូវ និងស្របតាមកាលៈទេសៈជាក់ស្ដែង។
ហេតុអ្វីវាមានសារៈសំខាន់សម្រាប់អ្នករចនាក្រាហ្វិក?
ក្នុងនាមជាអ្នករចនាក្រាហ្វិក ទាមទារឱ្យអ្នកយល់ពីចិត្តសាស្ត្ររបស់មនុស្សផងដែរ មានដូចជា ការដឹងអំពីចំណុចដែលជំរុញឱ្យអតិថិជនជ្រើសរើសទិញ សមិទ្ធផលដែលអ្នកបានបង្កើតឡើង។ ជាពិសេស ជំនាញនេះ មានភាពសំខាន់សម្រាប់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងក្រុមការងារប្រកបដោយប្រសិទ្ធភាព ដែលនាំឱ្យអ្នកងាយស្រួលបំពេញការងារជាមួយអ្នកដទៃ។
ដើម្បីក្លាយជាអ្នករចនាក្រាហ្វិកមានភាពឆ្លាតវៃផ្នែកអារម្មណ៍ អ្នកត្រូវផ្ដោតលើការពង្រឹងជំនាញ ៣ដូចជា៖
ការទំនាក់ទំនង៖ ដើម្បីពន្យល់គំនិតរបស់ខ្លួនទៅកាន់អតិថិជនដែលមិនមែនជាអ្នកជំនាញ អ្នករចនាក្រាហ្វិកត្រូវមានភាពប៉ិនប្រសប់ក្នុងការបង្ហាញអត្ថន័យ និងចំណុចដែលខ្លួនបានដាក់នៅក្នុងរូបភាព។
ការស្ដាប់ដោយយកចិត្តទុកដាក់៖ អ្នករចនាក្រាហ្វិក ចាំបាច់ត្រូវដឹងអំពីអ្វីដែលអតិថិជនចង់បាន ហើយរចនារូបភាពឱ្យស្របតាមចំណូលចិត្តរបស់អតិថិជន។ ហេតុនេះ ការស្ដាប់ឱ្យយល់នូវអ្វីដែល អតិថិជនចង់បានគឺសំខាន់បំផុត។
ជំនាញសម្របសម្រួល៖ ការបំពេញការងារជាមួយមនុស្សដែលមានអត្តចរិត និងគំនិតប្លែកៗអ្នករាល់ថ្ងៃ មិនមែនជារឿងងាយនោះទេ។ អ្នកអាចប្រឈមមុខភាពមិនចុះចម្រុង និងខ្វែងគំនិតគ្នាដោយជៀសមិនផុតឡើយ។ ដូច្នេះ ជំនាញផ្នែកសម្របសម្រួល នឹងបើកផ្លូវឱ្យអ្នកអាចរកដំណោះស្រាយបានល្អនៅពេលមានការខ្វែងគំនិត ព្រមទាំងអាចបញ្ចប់គម្រោងមួយបានដោយងាយស្រួល និងជោគជ័យ។
៣ . ការគ្រប់គ្រងពេលវេលា (Time Management) ៖ ជាទូទៅ អ្នករចនាក្រាហ្វិកត្រូវកាន់គម្រោងជាច្រើនក្នុងពេលតែមួយ។ ដូច្នេះ ការធ្វើឱ្យបន្ទុកការងារមានតុល្យភាព និងដឹងពីរបៀបកំណត់កិច្ចការអាទិភាព ជារឿងសំខាន់ដែលអ្នករចនាក្រាហ្វិកគ្រប់រូបភាពត្រូវធ្វើ។ ការមានជំនាញគ្រប់គ្រងពេលវេលា អាចជួយឱ្យអ្នករចនាក្រាហ្វិកបំពេញការងារប្រកបដោយផលិតភាពខ្ពស់ជាទីគាប់ចិត្ត។
យ៉ាងណាមិញ ការគ្រប់គ្រងពេលវេលា មិនមែនគ្រាន់តែធ្វើការឱ្យទាន់ពេលកំណត់មួយមុខនោះទេ។ វាជាជំនាញមួយដែលធ្វើឱ្យអ្នកចេះរៀបចំផែនការងារ ការដោះស្រាយបញ្ហា ការគិតបែបត្រេះរិះ ការផ្ដោតអារម្មណ៍ និងការគ្រប់គ្រងភាពតានតឹង។ ជំនាញនេះ បើកផ្លូវឱ្យអ្នករចនាក្រាហ្វិក ហ៊ានសម្រេចចិត្ត ចេះរៀបចំផែនការយុទ្ធសាស្ត្របំពេញការងារ ចេះកំណត់កិច្ចការអាទិភាព និងធ្វើការដោយមិនប្រញាប់ប្រញាល់ ប៉ុន្តែទទួលបានគុណភាពខ្ពស់។
៤ . ជំនាញអភិវឌ្ឍផ្នត់គំនិត (Growth Mindset) ៖ ជំនាញនេះ សំដៅទៅលើការអភិឌ្ឍបញ្ញាត្តិនៃគំនិត (Concept) ជាប្រចាំ។ វាជួយឱ្យអ្នកជំនាញរចនាក្រាហ្វិកអាចអភិវឌ្ឍគំនិតច្នៃប្រឌិតបានល្អ និងហ៊ានធ្វើអ្វីដែលពួកគេមិនធ្លាប់ធ្វើពីមុន ព្រមទាំងមានគំនិតទូលំទូលាយក្នុងការដោះស្រាយបញ្ហា។ វាជះឥទ្ធិពលខ្លាំងចំពោះភាពច្នៃប្រឌិត និងការបង្កើតថ្មី។
បុគ្គលដែលប្រកាន់គោលការអភិវឌ្ឍផ្នត់គំនិតជាប្រចាំ មិនមានភាពភ័យខ្លាចក្នុងការប្រឈមមុខនឹងឧបសគ្គ និងបញ្ហាថ្មីៗនោះទេ ព្រោះគេចាត់ទុកភាពបរាជ័យជាឱកាសសម្រាប់ការរៀនសូត្រ។ ជំនាញនេះមានសារៈសំខាន់ខ្លាំងសម្រាប់អ្នករចនាក្រាហ្វិកគ្រប់រូប ព្រោះអាជីពមួយនោះទាមទារឱ្យពួកគេមានការវិវត្តន៍ទាន់ការវិវត្តន៍យ៉ាងលឿនរបស់សង្គម។
៥ . ការបង្កើតបណ្ដាញ (Networking) ៖ ភាពស្ទាត់ជំនាញក្នុងការបង្កើតបណ្ដាញ មានន័យថា អ្នកមានភាពប៉ិនប្រសប់ក្នុងការស្វែងរក និងជួបអតិថិជនថ្មីៗ មានការប្រាស្រ័យទាក់ទងល្អជាមួយមិត្តរួមការងារ និងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។
ការបង្កើតបណ្ដាញ មានសារៈសំខាន់គ្រប់អាជីពទាំងអស់ ប៉ុន្តែវាសំខាន់ខ្លាំងបំផុតសម្រាប់អ្នករចនាក្រាហ្វិក។ ជំនាញនេះ នឹងជួយឱ្យអ្នកជំនាញផ្នែករចនាក្រាហ្វិកបោះជំហានទៅរកភាពជោគជ័យក្នុងអាជីពបានឆាប់រហ័សបំផុត។ សរុបមក ដើម្បីទទួលភាពជោគជ័យក្នុងអាជីពជាអ្នករចនាក្រាហ្វិកម្នាក់ ទាញទារឱ្យអ្នកមានជំនាញលើសពីជំនាញបច្ចេកទេសដែលអ្នកមាន។ ទោះជា អ្នកមានភាពស្ទាត់ជំនាញខ្លាំងលើវិជ្ជាជីវៈរបស់ខ្លួនឯងក៏ដោយ ក៏អ្នកមិនអាចខ្វះជំនាញ់សំខាន់ៗទាំងប្រាំដែលបានរៀបរាប់ខាងលើនោះដែរ។ ព្រោះជំនាញទាំងនេះ គឺជាសមាសធាតុមូលដ្ឋានដែលសំខាន់បំផុត ជួយឱ្យអ្នកអភិវឌ្ឍខ្លួនឯងទាន់សភាពការសង្គម និងអាចរក្សាទំនាក់ទំនងជាមួយអ្នកដទៃបានល្អគ្រប់កាលៈទេសៈ៕