ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ ស្តីពីគ្រូបង្រៀនឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីដំណើរកំណែទម្រង់គ្រូបង្រៀននៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូបង្រៀន គឺជាកម្លាំងស្នូលក្នុងការកសាងធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ។ ដូច្នេះ ការវិនិយោគលើគុណភាព សមត្ថភាព និងសុខុមាលភាពគ្រូបង្រៀន គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការកែទម្រង់គ្រូបង្រៀន គឺជាកត្តាស្នូលក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយក្រសួងបានខិតខំជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ប្រាក់បៀវត្ស និងលក្ខខណ្ឌការងារ ការពង្រឹងគុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈ ការបង្កើតប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដែលភ្ជាប់ទៅនឹងការរីកចម្រើនក្នុងអាជីព ព្រមទាំងការលើកកម្ពស់កិត្តិយស និងតម្លៃរបស់គ្រូបង្រៀនក្នុងសង្គម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា គោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានសមិទ្ធផលនៃកំណែទម្រង់កន្លងមក និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែមានគុណភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការយូណេស្កូ តាមរយៈកម្មវិធីពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដែលកម្មវិធីនេះ បានគាំទ្រដល់ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលគ្រូ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន១១ ការពង្រឹងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ព្រមទាំងការបណ្តុះបណ្តាល និងផ្តល់ការណែនាំដល់គ្រូបង្រៀនលើការបង្រៀនអំណាន និងគណិតវិទ្យានៅកម្រិតដំបូង ដែលបានផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាច្រើន។ កិច្ចសហប្រតិបត្តិការនេះ ក៏បានរួមចំណែកក្នុងការបញ្ចូលសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីអប់រំគ្រូបង្រៀន ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការនៃការអប់រំនាពេលអនាគត។
ជាមួយគ្នានេះ បើតាមលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា, ស្របនឹងគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៥០ ក្រសួងបន្តលើកកម្ពស់គុណភាពអប់រំ តាមរយៈការបណ្ដុះបណ្ដាល ១២+៤ កម្រិតបរិញ្ញាបត្រ + ១ បរិញ្ញាបត្រ + ២ ជាមួយកម្មវិធីអប់រំស្ទែម ការអប់រំឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយការទទួលខុសត្រូវ និងការបន្តការសិក្សាពេញមួយជីវិត។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា
លោកជំទាវបណ្ឌិតបញ្ជាក់ថា ផ្អែកទៅលើលទ្ធផលទាំងអស់នេះ គោលនយោបាយស្តីពី គ្រូបង្រៀនឆ្នាំ២០២៦ គឺបង្ហាញនូវចក្ខុវិស័យមួយក្នុងការបង្កើនសក្តានុពលគ្រូបង្រៀនប្រកបដោយគុណភាព មានចំណេះដឹងវិជ្ជាជីវៈ មានសុខភាពល្អ មានសីលធម៌វិជ្ជាជីវៈ ព្រមទាំងមានការទទួលស្គាល់ពីសង្គមផងដែរ៕