អគ្គិសនីកម្ពុជា (EDC) នឹងរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូ (ប្រមាណ ១.១ លានដុល្លារអាម៉េរិក) ទៅក្នុងកម្មវិធី Choose Europe for Science ដើម្បីពង្រីកឱកាសដល់យុវជនកម្ពុជាក្នុងការបន្តការសិក្សាជំនាញវិស្វកម្មនៅបណ្តាប្រទេសអឺរ៉ុប ខណៈវិស័យថាមពលកម្ពុជាកំពុងមានការផ្លាស់ប្តូរ និងត្រូវការធនធានមនុស្សដែលមានជំនាញបច្ចេកទេសខ្ពស់។
ការរួមចំណែកថវិកាបន្ថែមនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ ក្នុងឱកាសចូលរួមពិព័រណ៍ការសិក្សានៅអឺរ៉ុប (Study in Europe Fair) ដែលរៀបចំឡើងនៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានអនុម័តការរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូពី EDC ទៅកាន់កម្មវិធី Choose Europe for Science ដែលនឹងផ្តល់ឱកាសដល់យុវជនកម្ពុជាកាន់តែច្រើនក្នុងការសិក្សាជំនាញវិស្វកម្មនៅអឺរ៉ុប។