សាលាភាសាបរទេសខេម-អាស៊ានបានដាក់សម្ពោធជាផ្លូវការមជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិត និងអ្នកជំនាញកម្ពុជា អាចវាស់ស្ទង់ និងបញ្ជាក់កម្រិតសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន តាមរយៈតេស្តស្តង់ដារអន្តរជាតិ សម្រាប់គោលដៅសិក្សាបន្ត ការងារ និងការអភិវឌ្ឍអាជីព។
ពិធីសម្ពោធមជ្ឈមណ្ឌលតេស្តនេះធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាភាសាបរទេសខេម-អាស៊ាន ដោយមានការចូលរួមពីឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក John Knott តំណាង Oxford University Press ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោក ស៊ាង សុបញ្ញា បានឱ្យដឹងថា ការនាំយក Oxford Test of English មកកាន់អ្នកសិក្សាកម្ពុជា គឺជាជំហានបន្ថែមក្នុងការភ្ជាប់រវាងការរៀន ការបង្រៀន និងការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស។
លោកបន្ថែមថា មជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English នឹងផ្តល់ជម្រើសប្រឡងនៅក្នុងប្រទេស សម្រាប់អ្នកសិក្សា និស្សិតបញ្ចប់ការសិក្សា និងអ្នកជំនាញដែលចង់វាស់ស្ទង់ និងបង្ហាញពីសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន ដើម្បីគាំទ្រដល់ការសិក្សាបន្ត ការអភិវឌ្ឍអាជីព និងការសម្រេចគោលដៅអនាគត។
ចំណែកលោក John Knott តំណាង Oxford University Press បានលើកឡើងពីសារៈសំខាន់នៃជំនាញភាសាអង់គ្លេសសម្រាប់ការសិក្សា ការងារ និងការធ្វើដំណើររបស់យុវជនកម្ពុជា ខណៈអ្នកសិក្សាកម្ពុជាកាន់តែច្រើនចូលរួមប្រកួតប្រជែងនៅលើឆាកតំបន់ និងអន្តរជាតិ។
លោក John Knott តំណាង Oxford University Press
លោកបានបញ្ជាក់ថា Oxford Test of English មានតួនាទីគាំទ្រអ្នកសិក្សាពីថ្នាក់រៀនឆ្ពោះទៅរកអាជីព តាមរយៈការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស ដែលអាចជួយឱ្យអ្នកសិក្សាបង្ហាញពីសមត្ថភាពរបស់ខ្លួន និងត្រៀមខ្លួនសម្រាប់គោលដៅសិក្សា និងការងារនាពេលអនាគត។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានស្វាគមន៍ការបើកដំណើរការមជ្ឈមណ្ឌលនេះ ដោយលើកឡើងពីសារៈសំខាន់នៃភាសាអង់គ្លេសក្នុងការទទួលបានចំណេះដឹង និងការតភ្ជាប់ជាមួយពិភពលោក។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា
សាលាភាសាបរទេសខេម-អាស៊ាន បានបញ្ជាក់ថា ការបើកមជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English គឺជាផ្នែកមួយនៃការបន្តពង្រីកសេវាអប់រំ និងការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស ដោយផ្តល់ជម្រើសកាន់តែងាយស្រួលសម្រាប់អ្នកសិក្សាកម្ពុជា និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។