បញ្ហាចំណាយច្រើនជាងចំណូល ការមិនចេះរៀបចំផែនការ និងគោលដៅហិរញ្ញវត្ថុ ជាពិសេសមិនដឹងពីរបៀបសន្សំប្រាក់ឱ្យមានប្រសិទ្ធភាពកំពុងកើតមានកាន់តែច្រើនទៅលើយុវជនកម្ពុជា, ហេតុនេះហើយ ទើបកាលពីសប្តាហ៍កន្លងទៅនេះ (១៥-១៧ កញ្ញា) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយ My Money-លុយខ្ញុំ និងគាំទ្របច្ចេកទេសដោយអង្គការ ILO បានបើកវគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ដើម្បីជំរុញពួកគេចាប់ផ្ដើមស្វែងយល់ពីគន្លឹះចាត់ចែងលុយ តិចនិកសន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុដោយវៃឆ្លាត។
កញ្ញា មឿន ម៉ារី និស្សិតឆ្នាំទី៤ ជំនាញរដ្ឋបាលសាធារណៈ នៃវិទ្យាស្ថានជាតិសង្គមកិច្ច បានចំណាយពេលរយៈពេល៣ថ្ងៃពេញ ចូលរួមវគ្គបណ្តុះបណ្តាលនេះនិយាយថា កន្លងមកនាងពុំធ្លាប់ដឹងពីរបៀបរៀបចំផែនការហិរញ្ញវត្ថុឡើយ ដោយសារនាងរស់នៅក្រោមបន្ទុកគ្រួសារ។ ម៉ារី បន្តថា ចំណេះដឹងហិរញ្ញវត្ថុ ដូចជាការចេះបែងចែកចំណាយ ចំណូល មានសារៈសំខាន់ខ្លាំង ព្រោះជាការត្រៀមទុកមុនសម្រាប់ពេលបញ្ចប់ការសិក្សា និងស្វែងរកការងារធ្វើ ដែលពេលនោះ នាងនឹងអាចចេះចាត់ចែងលុយកាក់បានត្រឹមត្រូវ។
កញ្ញា មឿន ម៉ារី ជានិស្សិតជំនាញរដ្ឋបាលសាធារណៈ ឆ្នាំទី៤ នៃវិទ្យាស្ថានជាតិសង្គមកិច្ច
យើងត្រូវចេះបែងចែកថវិកាឱ្យបានត្រឹមត្រូវ ដកសន្សំសម្រាប់តម្រូវការចាំបាច់ ដូចជា សម្ភារសិក្សា កុំព្យូទ័រ គឺសន្សំដើម្បីទៅទិញអ្វីដែលជាតម្រូវការចាំបាច់
អ្នកនាង ច័ន្ទពេញបូរមី ដែលជាម្ចាស់អាជីវកម្មវ័យក្មេងមួយរូប លើកឡើងថា ការយល់ដឹងពីហិរញ្ញវត្ថុ គឺជារឿងល្អ ដែលអាចដឹងពីការគ្រប់គ្រងចំណូល ចំណាយ ការសន្សំ។ បូរមី បន្តថា មនុស្សម្នាក់ៗ មានតម្រូវការ និងការប្រើប្រាស់ហិរញ្ញវត្ថុខុសៗគ្នា។ ហើយតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ បានជួយឱ្យនាងចេះចាត់ចែងលុយកាក់ ដោយទំនួលខុសត្រូវ និងបានយល់ដឹងពីការប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវផងដែរ។ អ្នកនាងលើកទឹកចិត្តឱ្យយុវជនគួរចាប់ផ្តើមរៀនសូត្រពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីវ័យក្មេង ដើម្បីសម្រេចគោលដៅជីវិតបានកាន់តែរហ័ស។
អ្នកនាង ច័ន្ទពេញបូរមី ម្ចាស់អាជីកម្មវ័យក្មេង
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ការអប់រំចំណេះដឹងហិរញ្ញវត្ថុ គឺជាដំណើរវែងឆ្ងាយមួយ ដោយចំណាយពេលច្រើនឆ្នាំ ឬស្ទើរតែពេញមួយជីវិត។ លោក តុងងី លើកទឹកចិត្តឱ្យយុវជនមិនត្រឹមតែរៀនពីចំណេះដឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្ដែង និងជឿជាក់ថា អាចសម្រេចគោលដៅរបស់ខ្លួនបាន។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាវាគ្មិន
សម្រាប់ លោក វង្ស ភកគីនី អតីតប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ និងជាវាគ្មិនក្នុងកម្មវិធីនេះលើកឡើងថា នៅពេលលោកឃើញយុវជនជាច្រើនចង់រៀនពីចំណេះដឹងហិរញ្ញវត្ថុ លោកសប្បាយចិត្ត ព្រោះថា មុខវិជ្ជាហិរញ្ញវត្ថុនេះ គឺជាជំនាញ ឬបំណិនជីវិតដែលត្រូវគ្រប់ស្ថានការ មិនថាវ័យចាស់ ឬវ័យក្មេង អ្នកមានគ្រួសារ ឬនៅលីវ ហើយជំនាញនេះ គួរចាប់ផ្ដើមតាំងពីតូចៗទៅ។
អតីតប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ បន្តថា នៅពេលយុវជនចាប់អារម្មណ៍មករៀនផ្នែកនេះ លោកជឿជាក់ថា វាជាសញ្ញាណមួយល្អនៅក្នុងសង្គមជាតិរបស់យើង ហើយវានឹងជួយឱ្យពួកគេ ទទួលបានជំនាញ ឬចំណេះដឹងក្នុងការចាត់ចែង និងគ្រប់គ្រងលុយកាក់បានល្អប្រសើរ។
លោក វង្ស ភកគីនី អតីតប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ និងជាវាគ្មិន
យុវជន គឺជាវ័យមួយដែលកំពុងស្ថិតក្នុងស្ថានភាពភ្លើតភ្លើន ឬមួយជ្រួលជ្រើមជាមួយលុយកាក់ ឬសម្ភារនិយម ដូច្នេះ ការដែលពួកគេទទួលបានចំណេះដឹងហិរញ្ញវត្ថុ នឹងជួយពួកគេផ្អាករឿងឥតប្រយោជន៍ មកផ្ដោតលើការទុកដាក់ឱ្យបានច្រើនជាងមុន
លោក វង្ស ភកគីនី បន្ថែមថា តាមរយៈរបាយការណ៍ស្ថានភាពចំណេះដឹងហិរញ្ញវត្ថុ នៅអាស៊ី ប្រទេសកម្ពុជានៅតែទាបជាងគេ ហើយរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែង ក្នុងការជួយជំរុញ ផ្សព្វផ្សាយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជួយទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋ នឹងមានជំនាញបំណិនជីវិត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់៕