បរទេស៖ អ្នកស្រី Jill Biden ភរិយារបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានសេតវិមានចាត់ទុកជាស្ត្រីទីមួយរបស់អាមេរិក (First Lady) ដែលមានប្រវត្តិសិក្សានិងការងារមិនធម្មតា។ អ្នកស្រីក៏ធ្លាប់មានឈ្មោះជាស្ត្រីទីពីររបស់អាមេរិកក្នុងអាណត្តិដែលលោក Joe Biden នៅជាអនុប្រធានាធិបតីនៅឆ្នាំ 2009 ដល់ឆ្នាំ 2017។ ក្នុងពេលស្វាមីបំពេញការងារជាអនុប្រធានាធិបតី អ្នកស្រី Jill Biden បានធ្វើកិច្ចការសំខាន់ៗជាច្រើនជួយជ្រោមជ្រែងស្វាមី។ ជាក់ស្តែងអ្នកស្រី Jill បានថ្លែងសុន្ទរកថាលើកតម្កើងចរិតនិងសមត្ថភាពរបស់លោក Joe ដើម្បីជួយស្តារប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ព្រមទាំងវិបត្តិនយោបាយអាមេរិកកន្លងទៅ។
អ្នកស្រី Jill Biden មានឈ្មោះដើមហៅថា Jill Tracy Jacobs Biden កើតនៅថ្ងៃទី03 ខែមិថុនា ឆ្នាំ1951 នៅរដ្ឋ New Jersey ។ អ្នកស្រីមានឪពុកឈ្មោះ Donald Carl Jacobs និងម្តាយឈ្មោះ Bonny Jean Godfrey Jacobs ជាកូនច្បងក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ។ អ្នកស្រីធំធាត់ឡើងនៅ Pennsylvania ហើយបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Upper Moreland នៅឆ្នាំ1969 និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រខាងផ្នែកអក្សរសាស្រ្តអង់គ្លេសនៅឆ្នាំ1975 ។
ក្រោយបញ្ចប់ការសិក្សាបានមួយឆ្នាំ អ្នកស្រី Jill ចាប់ផ្ដើមធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យ St. Mark’s High School នៃរដ្ឋ Wilmington ។ ក្រោយមកគាត់ក៏ក្លាយជាអ្នកជំនាញផ្នែកអំណានវិទ្យាល័យ Claymont ស្របពេលដែលគាត់បន្តការសិក្សាថ្នាក់អនុបណ្ខិតខាងផ្នែកអំណានពីសាកលវិទ្យាល័យ West Chester នៅឆ្នាំ1981។