ជំនាញសរសេរកម្មវិធីកុំព្យូទ័រ ឬSoftware And Applications គឺជាជំនាញសំខាន់មួយដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក។ បើតាមអ្នកជំនាញ ជំនាញសរសេរកម្មវិធីកុំព្យូទ័រ កំពុងមានទីផ្សារការងារខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃ និងកម្មវិធីកុំព្យូទ័រជាច្រើន ដើម្បីបម្រើសេចក្តីត្រូវការ និងជួយសម្រួលដល់ការរស់នៅរបស់មនុស្ស។
កញ្ញា តែ សូនីតា អ្នកជំនាញសរសេរកម្មវិធីកុំព្យូទ័រ (Software And Applications) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឱ្យដឹងថា នៅក្នុងសម័យឌីជីថលនេះ ជំនាញសុសវែ និងកម្មវិធីកុំព្យូទ័រ កំពុងមានតម្រូវការទីផ្សារការងារខ្ពស់ ដោយសារតម្រូវការប្រើប្រាស់ទូរស័ព្ទច្រើន ទើបត្រូវការអ្នកបង្កើតកម្មវិធីទូរស័ព្ទ និងកម្មវិធីកុំព្យូទ័រដែលមានភាពច្នៃប្រឌិតខ្ពស់។
កញ្ញា តែ សូនីតា អ្នកជំនាញសុសវែ និងកម្មវិធីកុំព្យូទ័រ (Software And Applications) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)
កញ្ញា តែ សូនីតា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥។ ក្របខ័ណ្ឌនេះនឹងធ្វើឱ្យកម្ពុជាត្រូវការអ្នកជំនាញឌីជីថលជាច្រើន ក្នុងនោះ ក៏អ្នកជំនាញសុសវែ និងកម្មវិធីកុំព្យូទ័រ ដើម្បីបង្កើតកម្មវិធីសុសវែសម្រាប់ប្រើប្រាស់ក្នុងសង្គម ឬក្រុមហ៊ុនដែលចង់ផ្លាស់ប្ដូរទៅជាទម្រង់ឌីជីថល។
យ៉ាងណាក៏ដោយសម្រាប់សិស្សនិស្សិតដែលមានបំណងចង់រៀនជំនាញសរសេរកម្មវិធីកុំព្យូទ័រនេះ បើតាម កញ្ញា តែ សូនីតា សិស្សទាំងអស់តម្រូវឱ្យមានការប្រឡងចូលលើមុខវិជ្ជាចំនួន៣ រួមមាន គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ។ កញ្ញាបន្តថា ជំនាញនេះ មួយឆ្នាំនិស្សិតអាចបង់ថ្លៃសិក្សាប្រមាណ ២៥០០ដុល្លារ ប៉ុន្តែសម្រាប់និស្សិតដែលមករៀននៅ CADTតែងទទួលបានអាហារូបករណ៍ពី ៥០% ទៅ ៧៥%។ ក្នុងនោះជារៀងរាល់ឆ្នាំ ក៏តែងមានការប្រឡងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន២០០កន្លែងតាមរយៈក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ហើយសម្រាប់សិស្សស្រីដែលប្រឡងជាប់ នឹងទទួលបានអាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិ។
ជំនាញសុសវែ និងកម្មវិធីកុំព្យូទ័រ (Software And Applications)
កញ្ញា សូនីតាបន្ថែមថា សម្រាប់និស្សិតដែលរៀនជំនាញសរសេរកម្មវិធីកុំព្យូទ័រ ក្រោយរៀនចប់ ពួកគេភាគច្រើនអាចក្លាយជា អ្នកអភិវឌ្ឍកម្មវិធី, អ្នកបង្កើតកម្មវិធីនៅលើទូរស័ព្ទ លើកុំព្យូទ័រ ឬ អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅតាមក្រុមហ៊ុននានា។
កញ្ញា ចន លីហ្សា ជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មកុំព្យូទ័រ (Software Engineering) នៃ CADT
កញ្ញា ចន លីហ្សា ជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មកុំព្យូទ័រ (Software Engineering) នៃ CADT និយាយថា ការដែលនាងចាប់យកជំនាញវិស្វកម្មកុំព្យូទ័រនេះ ព្រោះគិតថា ជាជំនាញមួយកំពុងមានតម្រូវការ ខណៈនៅក្នុងសតវត្សរ៍ទី២១នេះ បច្ចេកវិទ្យាកាន់តែឈានទៅមុខ ទើបការចេះផ្នែកឌីជីថលពិតជាសំខាន់។ លីហ្សា បន្ថែមថា ការរៀនជំនាញវិស្វកម្មកុំព្យូទ័រនេះ គឺមានការលំបាកមួយចំនួនដែរ ដោយសារជាវិស្វករតម្រូវចេះច្រើន រៀននិងស្រាវជ្រាវច្រើន និងអនុវត្តឱ្យបានច្រើន។ ដោយឡែកលក្ខណៈសម្បត្តិសិស្សដែលអាចរៀនជំនាញវិស្វកម្មកុំព្យូទ័របាន គឺជាសិស្សដែលចង់រៀន ចេះស្វែងយល់ ចេះស្រាវជ្រាវដោយខ្លួនឯង និងមានភាពក្លាហានសួរលោកគ្រូ អ្នកគ្រូ។ លើសពីនេះ សិស្សត្រូវមានគំនិតរៀននូវច្ចេកវិទ្យាថ្មីៗ ស្វ័យសិក្សា ស្រាវជ្រាវឱ្យបានច្រើន និងចេះប្រើប្រាស់ភាសាអង់គ្លេស ដើម្បីជួយសម្រួលដល់ការសិក្សាជំនាញនេះ៕