ភ្នំពេញ — បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
លោក ប៉ាន់ ភារិទ្ធ អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល ទទួលបន្ទុកផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា ជាការកត់សម្គាល់និស្សិតជានារី ដែលចូលរៀនផ្នែកស្ថាបត្យកម្ម មានកំណើនជិត ៦០ភាគរយនៅក្នុងថ្នាក់រៀន បើប្រៀបធៀបកាលពី១០ឆ្នាំមុន និស្សិតនារី មានត្រឹម២ទៅ៣នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់។
លោក ប៉ាន់ ភារិទ្ធ អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល ទទួលបន្ទុកផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)
លោក ប៉ាន់ ភារិទ្ធ បន្ថែមថា ការកើនឡើងចំនួននិស្សិតនារីផ្នែកស្ថាបត្យកម្មនេះ ដោយសារកម្មវិធីសិក្សាបានកែសម្រួល ហើយនិស្សិតនារីមានគំនិតច្នៃប្រឌិតក្នុងការគូសប្លង់បានដូចនិស្សិតបុរសដែរ។
“ពីមុនមានមតិថា ការងារគូសប្លង់បានតែបុរស នារីអាចពិបាកឡើងចុះ យួរសម្ភារៈធ្ងន់ៗ ប៉ុន្តែមកដល់ពេលនេះ កម្មវិធីសិក្សាបានកែសម្រួល…ខ្ញុំសប្បាយចិត្តដែលឃើញពួកគាត់បានមកសិក្សាចាប់យកជំនាញស្ថាបត្យកម្មមានចំនួនច្រើន”
អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល ទទួលបន្ទុកផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា ដោយឆ្លងកាត់ការរៀនសូត្ររយៈពេល៥ឆ្នាំ និស្សិតស្ថាបត្យកម្មជានារីមានសមត្ថភាពចូលធ្វើការងារដូចបុរសដែរក្រោយបញ្ចប់ការសិក្សា។ ជាក់ស្ដែង លោកស្រី Zaha Hadid ជាស្ថាបត្យករជាតិ អង់គ្លេស-អ៊ីរ៉ាក់ ដ៏ល្បីល្បាញមួយរូប អាចឆ្លុះបញ្ចាំងថា និស្សិតនារីកម្ពុជាក៏មានលទ្ធភាពធ្វើការងារធំក្លាយជាស្ថាបត្យករមួយដ៏ល្បីក្នុងពិភពលោកបានដែរ។
ជាមួយគ្នានេះ សាលាក៏បានរិះរកវិធីសាស្រ្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យដើរទាន់តម្រូវការទីផ្សារការងារ ក្នុងនោះបរិស្ថានសិក្សាសមស្រប ដោយសាលាមានរៀបចំសួន បន្ទប់ពិសោធន៍ ថ្នាក់រៀនបំពាក់ឧបករណ៍ទំនើបៗ ដែលធ្វើឱ្យនិស្សិតមានអារម្មណ៍ចង់រៀន។
ថ្នាក់រៀនស្ថាបត្យកម្ម នៃនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)
កញ្ញា សាយ ច័ន្ទវិច្ឆិកា ជានិស្សិតអាហារូបករណ៍ឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) និយាយថា ការចាប់យកជំនាញស្ថាបត្យកម្ម ព្រោះក្ដីស្រឡាញ់ និងមានក្ដីស្រមៃចង់ក្លាយជាស្ថាបត្យករ។ កញ្ញា ច័ន្ទវិច្ឆិកា បន្តថា ការរៀនជំនាញស្ថាបត្យកម្មនេះ ជួបការលំបាកច្រើន ដូចជាផ្នែកថវិកា ដោយត្រូវចំណាយច្រើនទៅលើសម្ភារៈសិក្សា ហើយអាចនឹងត្រូវរៀនដាច់យប់ ប្រសិនបើគ្រប់គ្រងពេលវេលាមិនបានល្អ។
និយាយពីថ្នាក់រៀនវិញ និស្សិតអាហារូបករណ៍ឆ្នាំទី៥ រូបនេះ បញ្ជាក់ថា ការរៀនជំនាញស្ថាបត្យកម្ម និស្សិតនារី និងនិស្សិតបុរសរៀននៅក្នុងថ្នាក់មានចំនួនប្រហាក់ប្រហែលគ្នា ហើយចំពោះការប្រកួតប្រជែងលើការសិក្សា ក៏មានសមត្ថភាពប្រហាក់ប្រហែលគ្នាទាំងគំនិតច្នៃប្រឌិត ការគូរ ការអត់ធ្មត់ ការព្យាយាម វិធីដោះស្រាយលើគម្រោងនីមួយៗ។
កញ្ញា សាយ ច័ន្ទវិច្ឆិកា ជានិស្សិតអាហារូបករណ៍ឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)
សម្រាប់ការបញ្ចប់ការសិក្សានៅពេលខាងមុខនេះ កញ្ញា សាយ ច័ន្ទវិច្ឆិកា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើគម្រោងសារណា ដោយតាំងចិត្តបញ្ចប់គម្រោងមួយឱ្យបានល្អជូនសាស្រ្តាចារ្យ។ ជាមួយគ្នានេះ យុវតីមកពីខេត្តកណ្ដាល រូបនេះ ក៏បានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ដែលស្រឡាញ់ជំនាញស្ថាបត្យកម្ម ឬចូលចិត្តគូរ រចនាប្លង់អគារ សូមចាប់យកឱកាសចូលសិក្សា ដោយកុំគិតថា ជាស្រីរៀនមិនបាន និងកុំភ័យខ្លាចការលំបាក បើបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបាន។
ប្រសិនបើស្រឡាញ់ជំនាញស្ថាបត្យកម្ម ជាដំបូន្មានពី លោក ប៉ាន់ ភារិទ្ធ សិស្សនិស្សិតត្រូវតែព្យាយាម អំណត់ ព្រោះជំនាញនេះមានញ្ចូលសិល្បៈ វប្បធម៌-អរិយធម៌ខ្មែរ ពិសេសខុសប្លែកពីជំនាញផ្សេងៗ ដោយធ្វើយ៉ាងណាឱ្យការគូស ការរចនា បម្រើឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយផាសុខភាព និងសុវត្ថិភាព។ លោកលើកទឹកចិត្តនិស្សិតទាំងអស់ខិតខំរៀនសូត្រដើម្បីមានជំនាញមួយពិតប្រាកដ៕